Skip to content Skip to footer

Studio & Resort នឹង​បើកសម្ពោធ​នៅ​ត្រីមាស​ទី​២ ឆ្នាំក្រោយ

ក្រុមហ៊ុន ដាវីត្រា​ (​ខេមបូឌា) ​ឯ.ក បាន​បោះទុន​ជាច្រើន​លាន​ដុល្លារ​ដើម្បី​ធ្វើការ​វិនិយោគ​លើ​គម្រោង Studio & Resort នៅលើ​ផ្ទៃដី​ប្រមាណ ១០ ​ហិកតា ​នៅ​ជាយ​រាជធានីភ្នំពេញ ខណៈ​តាម​ផែនការ​គម្រោង​ដំណាក់កាល​ទី​១ នឹង​បើកសម្ពោធ​ក្នុងអំឡុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២​។

លោកស្រី ច័ន្ទ ដាវី ស្ថាបនិក​ក្រុមហ៊ុន ដាវីត្រា​ (​ខេមបូឌា) ​ឯ.ក បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា Studio & Resort គឺជា​គម្រោង​ដែលមាន​លក្ខណៈ​ប្លែក​មិន​ធ្លាប់​មាននៅ​កម្ពុជា​។ គម្រោង​នេះ​បង្កើតឡើង​ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​សិល្បៈ​។ គម្រោង​នេះ​មាន​ផ្ទៃដី ១០ ​ហិកតា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ចម្ងាយ​ប្រហែល ២ ​គីឡូម៉ែត្រ​ពី​ផ្សារ​គគីរ​។

លោកស្រី ដាវី បាន​ប្រាប់ថា​៖ «​យើង​ធ្វើ Studio បែប​ជា​លក្ខណៈ​ទេសចរណ៍​ដែល​អាច​ថតកុន ចម្រៀង​ទាំង​ផ្នែក​ខាងក្នុង​អគារ និង​ទីធ្លា​ខាងក្រៅ​នៃ​គម្រោង​ធំ​នេះ​។ យើង​ចង់​អភិវឌ្ឍន៍ Studio &Resort ឱ្យក្លាយ​ជាទី​កន្លែង​លំដាប់​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​មក​ទស្សនា​»​។

លោកស្រី​ឱ្យដឹងទៀតថា គម្រោង​នេះ​មាន​ ៣ ​ដំណាក់កាល ដែល​រួមមាន អាហារដ្ឋាន ហាង​កាហ្វេ បឹងហ្គាឡូ អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​សាលប្រជុំ ព្រមទាំងស្ទូឌីយោ​ថត​សំឡេង​ជាមួយនឹង​ឧបករណ៍​ទំនើប​ចុងក្រោយ​នាំចូល​ពី​សហរដ្ឋអាមេរិក​។

បច្ចុប្បន្ន​ដំណើរការ​សាងសង់​នៅក្នុង​ដំណាក់កាល​ទី​១ ដែល​រួមមាន​អគារ​ថត​សំឡេង សាលប្រជុំ ការិយាល័យ អាហារដ្ឋាន អាង​ហែល​ទឹក និង​បាងហ្គាឡូ បានធ្វើ​រួចរាល់​ហើយ​។ ដោយ​ដំណាក់កាល​នេះ​ទាំងមូល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចន្លោះ​ពី​ខែ​មេសា-ឧសភា ឆ្នាំ​ ២០២២ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​តែម្តង​។

ដោយឡែក​ក្នុងដំណាក់កាល​ទី​២ ក្រុមហ៊ុន​នឹង​សង់ផ្ទះ​បុរាណ​ខ្មែរ​ដែល​ក្រុមហ៊ុន​បាន​រចនា​ប្លង់ និង​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​រួចហើយ​។ ក្រុមហ៊ុន​ក៏​នឹង​បន្ត​សាងសង់​សំណង់​ជាច្រើន​ទៀត​នៅ​ជុំវិញ​មាត់បឹង​។ ចំណែក​ដំណាក់កាល​ទី​៣ ក្រុមហ៊ុន​នឹង​បន្ត​សាងសង់​វិទ្យាស្ថាន​សិក្សា​ចំណេះដឹង​ទូទៅ​ធំ​មួយ​សម្រាប់​ពី​ថ្នាក់​មតេ្តយ្យ​ដល់​ថ្នាក់​ឧត្តមសិក្សា​។

លោកស្រី​ប្រាប់ថា​៖ «​វិទ្យាស្ថាន​នឹង​ទទួល​និស្សិត​កម្រិត​ថ្នាក់​បរិញ្ញាបត្រ ដោយ​ ២ ឆ្នាំ​សិក្សា​នៅ​កម្ពុជា​និង ២ ​ឆ្នាំ​ទៀត​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​។ យើង​បាន​សហការ​ជាមួយ​ដៃគូ​របស់​យើង​នៅ​ស្រុក​ចិន ដើម្បី​ផ្តល់ឱកាស​និស្សិត​ខ្មែរ​យើង​បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​នៅ​ទីក្រុង​ប៉េកាំង​»​។

លោកស្រី ច័ន្ទ ដាវី បញ្ជាក់ថា ជារួម​គម្រោង​ទាំងមូល​ផ្តោតលើ​រចនាប័ទ្ម​បុរាណ​ខ្មែរ និង​មាន​លាយ​រចនាប័ទ្ម​ទាន់សម័យ​ផ្នែក​ខ្លះ​ ដើម្បី​ឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ​។ ក្នុងនោះ ផ្ទះ​បុរាណ និង​បាងហ្គាឡូ​រចនាប័ទ្ម​ខ្មែរ ថៃ និង​ជប៉ុន ជាដើម​នឹង​បម្រើ​ដល់​វិស័យ​ថត​ភាពយន្ត ព្រមទាំង​សាងសង់​បឹង​សិប្បនិមិ្មត​ដែល​ឌីហ្សាញ​ឡើង​តាមបែប​ធម្មជាតិ​។

លោកស្រី​បន្ថែមថា​៖ «​ខ្ញុំ​វិនិយោគ​លើ​គម្រោង​នេះ​ដោយសារ​តែ​ក្រុម​គ្រួសារ​ខ្ញុំ​ស្រឡាញ់​អ្វីៗ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ សិល្បៈ ហើយ​ក៏​ដូចជា​ប្រពៃណី​ខ្មែរ​ផងដែរ​។ យើង​ចង់​ចូលរួម​ថែរក្សា​អភិរក្ស​ប្រពៃណី​ទំនៀមទម្លាប់​របស់​យើង​ឱ្យបាន​គង់វង្ស​។ ខ្ញុំ​ និង​គ្រួសារ​បាន​មើលថា អ្វីដែល​យើង​ធ្វើ​នេះ​គឺ​ថ្មី​ខុសប្លែក​ពី​គេ​។ ខ្ញុំ​គិតថា គម្រោង​នេះ​នឹងមាន​ការគាំទ្រ​ច្រើន​ពី​សាធារណជន​ជាមិនខាន​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​បាន​និយាយថា រាល់​គម្រោង​ទាំងអស់​សភាពាណិជ្ជកម្ម​កម្ពុជា​តែងតែ​គាំទ្រ និង​សហការ​ក្នុង​ការសម្របសម្រួល​ដំណើរការ​គម្រោង​កាន់តែ​រលូន​ទៅមុខ​ទាំង​ផ្លូវច្បាប់ និង​ឯកសារ​នានា​។

លោក​យល់ថា គម្រោង​មួយ​នេះ​នឹង​ទទួល​ឱកាសល្អ​ក្នុង​ការចាប់​យក​ចំណែក​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ក្រោយពី​វិបត្តិ​កូវីដ​ ១៩ ស្របពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​ជិត​គ្រប់​តាម​ផែនការ​។

លោក​ប្រាប់ថា​៖ «​ជាការពិត​ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ឱកាស​ទទួលបាន​ទីផ្សារ ព្រោះ​ក្រុមហ៊ុន​បាន​សិក្សា​ទីផ្សារ​រួចរាល់​ហើយ​។ ខ្ញុំ​ជឿជាក់ថា នេះ​គឺជា​ឱកាសល្អ​សម្រាប់​គម្រោង​នេះ ព្រោះ​រាជរដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​ស្ទើរ​រួចរាល់​ហើយ​នៅ​ទូទាំង​ប្រទេស​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-កូរ៉េ និង​កម្ពុជា-ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​ទៀត​នឹង​កាន់តែ​ទាក់ទាញ​អ្នកវិនិយោគ​មក​កម្ពុជា​ដែល​ពួកគេ​នឹងមាន​តម្រូវការ​ការិយាល័យ អគារ​ស្នាក់នៅ និង​ទីកន្លែង​កម្សាន្ត ជាដើម​»៕

 

អត្ថបទពី ៖ www.postkhmer.com